ឡូសអាន់ជែឡេស៖ អនាគតមេដឹកនាំ កំពូលចិន លោកអនុប្រធានាធិបតី ស៊ី ជិនពីង បានមកដល់ ទីក្រុងឡូសអាន់ជែឡេស រដ្ឋកាលីហ្វរញ៉ា ហើយ នៅថ្ងៃព្រសហ្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០១២ សម្រាប់ដំណើរទស្សនកិច្ច រយៈពេល ៣៦ម៉ោងរបស់លោក ដោយរួមមានទាំងការពិភាក្សាក្នុងគោលដៅជម្រុញ ពាណិជ្ជកម្ម និងការធ្វើវិនិយោគផងដែរ។
គេហទំព័រ Channel News Asia បានចេញផ្សាយព័ត៌មាន នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ នេះថា បន្ទាប់ពីការធ្វើទស្សនកិច្ច នៅរដ្ឋធានីវ៉ាស៊ីនតោន លោក ស៊ីបានបន្តទៅធ្វើដំណើរទៅ អ៊ីយ៉ូវ៉ា ហើយបន្ទាប់មកទៀតគឺមក ឡូសអាន់ជែឡេស នេះតែម្តង។ លោកអនុប្រធានាធិបតីរូបនេះ បានរំពឹងទុកថា នឹងទៅដើរកំសាន្ត នៅក្នុងស្ទូឌីយោ ថតខ្សែភាពយន្តមួយដ៏ធំ អំឡុងពេលដែលលោកស្នាក់នៅទីក្រុង ឡូសអាន់ជែឡេសនេះ ដែលវានឹងត្រូវបញ្ចប់នូវល្ងាចថ្ងៃសុក្រ។
គួរបញ្ជាក់ថាផងដែរ នៅឯព្រលានយន្តហោះដែលលោក ស៊ី អញ្ជើញមកដល់នោះ មានមនុស្សម្នាជាច្រើនឈរអបអរសាទរ និងទទួលស្វាគមន៍ ដោយសម្តែងនូវ ទំនៀមទម្លាប់ប្រពៃណីចិន និងបានគ្រវីទង់ជាតិចិនផងដែរ។ បន្ទាប់ពីយន្តហោះរបស់លោកបានចុះនោះ ក្រុមគាំទ្រជនជាតិទីបេប្រមាណជា ១០០នាក់ បានឈរនៅជិតច្រកចេញរបស់អាកាសយាន្តដ្ឋាន ដោយពួកគេបានគ្រវីទង់ជាតិទីបេ, លើកបដាដែលមានពាក្យស្លោកប្រឆាំងចិន ដោយគេមិនបានដឹងថា លោកស៊ី បានមើលឃើញវា នៅពេលដែលលោកចាកចេញពីព្រលានយន្តហោះនោះដែរឬទេ។
ចំពោះដំណើរទស្សនកិច្ចនេះដែរ គឺស្ថិតនៅក្នុងគោលដៅ រឹតចំណងទាក់ទងឲ្យមានភាពស្និតស្នាលឡើងវិញ ជាមួយអាមេរិក ព្រោះយើងបានឃើញហើយថា មួយរយៈកន្លងមកនេះ ប្រទេសមហាអំណាចកំពូលលើពិភពលោកទាំងពីរនេះ មានភាពរកាំរកុះជាច្រើនកើតឡើង ដោយសារតែប្រទេសសម្ព័ន្ធមិត្ត របស់អាមេរិក មួយចំនួនមានជំលោះជាមួយចិន។