ហុងកុងៈ ទីផ្សារហិរញ្ញវត្ថុក្នុងតំបន់អាស៊ី ត្រូវធ្លាក់ចុះ ស្ទើរទាំងស្រុង កាលពីថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១១ កន្លងទៅនេះ ដោយសារការព្រួយបារម្ភពីបញ្ហា វិបត្តិបំណុល ក្នុងតំបន់ចាយប្រាក់អឺរ៉ូ ដែលបាន ជះឥទ្ធិពលអវិជ្ជមានកាន់តែខ្លាំង និងបានធ្វើឲ្យអតិថិជនត្រូវបាត់បង់ទំនុកចិត្ត។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel news Asia ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ បានឲ្យដឹងថា បន្ទាប់ពីការព្រួយបារម្ភពីបញ្ហាវិបត្តិបំណុល ក្នុងតំបន់ចាយប្រាក់អឺរ៉ូ បណ្តាលឲ្យទីផ្សារហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ីមានការធ្លាក់ចុះជាបន្តបន្ទាប់។
ជាក់ស្តែងក្នុងទីក្រុងតូក្យូ មានការធ្លាក់ចុះប្រមាណ ជា០,២០ភាគរយ ដោយឡែកនៅទីក្រុងសេអ៊ូល មានការបោះបង់ចំនួន ០,៩២ភាគរយ។ ចំណែកនៅ ទីក្រុង ហុងកុងធ្លាក់ចុះ០,៥៩ ភាគរយ ខណៈដែលទីក្រុងសៀងហៃ មានអ្នកបោះបង់រហូតដល់ ០,១៨ភាគរយ និង តៃវ៉ាន់ ធ្លាក់ចុះ០,៤០ភាគរយ។ នៅតំបន់អាស៊ីអាគ្នេយ៍ ទីក្រុងម៉ានីលធ្លាក់ចុះ ០,៥៧ភាគរយ ប្រទេសឥណ្ឌូនេស៊ី ធ្លាក់ចុះ ០,៥ភាគរយ ទីក្រុងបាងកក ធ្លាក់ចុះ០,០២ភាគរយ ហើយនៅតំបន់អាស៊ីខាងត្បូង ក្នុងទីក្រុងម៉ុមបៃ ធ្លាក់ចុះប្រហែល១,០៩ភាគរយ។
អតីតប្រធានធនាគារពិភពលោក នៃពាណិជ្ចកម្មអន្តរជាតិ លើកឡើងថា ដោយសារតែបញ្ហាវិបត្តិ បំណុលនៅអឺរ៉ុប ដែលបានជះឥទ្ធិពលមកលើសេដ្ឋកិច្ច របស់ពិភពលោក ក៏អាចធ្វើឲ្យសេដ្ឋកិច្ចក្នុងឆ្នាំ២០១២ ខាងមុខ ត្រូវកើនឡើងក្នុងកម្រិតមួយយឺតយ៉ាវផងដែរ។
លោក Uri Dadush ប្រធានកម្មវិធីសេដ្ឋកិច្ចអន្តរជាតិប្រចាំនៅអង្គការ Carnegie Endowment បានព្រមានថា លក្ខខណ្ឌ នៃសេដ្ឋកិច្ចហាក់មានសភាពធ្ងន់ធ្ងរ។
លោកបានគូសបញ្ជាក់ថា ទីផ្សារហិរញ្ញវត្ថុអាចជួបប្រទះនូវសម្ពាធមួយចំនួន ដែលបណ្តាលមកពី ឥរិយាបទរបស់បណ្តាប្រទេសអភិវឌ្ឍនានា ជាពិសេសបញ្ហាវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងតំបន់ចាយប្រាក់អឺរ៉ូ៕