សាំងហ្គាពួរៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ថា ប្រទេស អារ៉ាប់ឌីត សាវអូឌីត បានសន្យាថា នឹងរក្សាតម្លៃប្រេង ឱ្យនៅថេរនៅលើទីផ្សារ ។
ប្រទេសអារ៉ាប់ឌីត សាវអូឌីត បានសន្យាថា នឹងធានាតម្លៃប្រេង លើទីផ្សារថេរ ទោះបីជាសហគមន៍ អន្ដរជាតិបានដាក់ ទណ្ឌកម្មលើអ៊ីរ៉ង់ ទាក់ទិននឹងបញ្ហា នុយក្លេអ៊ែរក៏ដោយ ។
ទីភ្នាក់ងារព័ត៌មានអារ៉ាប់ “English daily Arab News” បានរាយការណ៍ថា គណៈរដ្ឋមន្ដ្រី អារ៉ាប់ឌីត សាវអូឌីត បានចេញ សេចក្ដីប្រកាសមួយ កាលពីថ្ងៃចន្ទ ម្សិលមិញនេះថា សាវឌីសូមសន្យា “ធានាលើផ្គត់ផ្គង់ប្រេង ដោយចង់ឱ្យតម្លៃ ប្រេងនៅលើ ទីផ្សារនៅថេរ និងជាហេតុផលមួយផង ដែរដើម្បីឱ្យតម្លៃប្រេង ថយចុះបន្ដិចវិញ សម្រួលដល់អ្នកប្រើ ប្រាស់ទាំងឡាយ រួមទាំងបញ្ហាពាក់ព័ន្ធ នឹងរោងចក្រផងដែរ” ។
សារព័ត៌មានខាងលើ បានចុះផ្សាយថា សេចក្ដីប្រកាសព័ត៌មាន ដែលចេញដោយ គណៈរដ្ឋមន្ដ្រី គឺផ្ដើមឡើង បន្ទាប់ពី មានកិច្ចប្រជុំស្ដីអំពីការ ឆ្លុះបញ្ចាំងលទ្ធផលនៃ វេទិកាថាមពលអន្ដរជាតិ កាលពីសបា្ដហ៍មុន ដែលធ្វើឡើង នៅក្នុងប្រទេស គុយវ៉ែតនោះ ។
លោក អាល់លី អាល់-ណៃម៉ី “Ali al-Naimi” រដ្ឋមន្ដ្រីប្រេង អារ៉ាប់ឌីត សាវអូឌីត បានលើកឡើងថា សាវឌី ជាប្រទេសដែល នាំមុខគេ ក្នុងការផលិត ប្រេង ហើយត្រូវតែរក្សា តម្លៃថេរនៅលើទីផ្សារ ។
ដោយឡែក ទីភ្នាក់ងារថាមពល អន្ដរជាតិ “IEA” បានលើកឡើងថា ក្នុងនាម IEA រំពឹងថា ការនាំចេញពីអ៊ីរ៉ង់ គឺ បានធ្លាក់ចុះ ប្រមាណ៨០០ពាន់ បារ៉ែលក្នុង១ថ្ងៃ ហើយរហូតដល់ពាក់ កណ្ដាលឆ្នាំនេះនឹង អាចថយចុះ ដល់១លាន បារ៉ែលឯណោះ ៕